
កាលបរិច្ឆេទ: ១៣ ឧសភា ២០២៦ / សុខភាព / Author : ATH Sokren
ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលទទួលបានកំណើនគួរឱ្យកត់សម្គាល់ក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំ២០២៦ ដូចដែលបានបង្ហាញដោយការពេញចិត្តនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ក្រុមហ៊ុនសហគ្រាសដែលបានធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា នៅសណ្ឋាគារ Penh House។ បើតាមប្រសាសន៍របស់នាយកផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុនសហគ្រាសសម្រេចបានអត្រាកំណើន៤១% គិតជារួម បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ដោយសារតែលទ្ធផលនេះ សហគ្រាសផលិតឱសថប៉េប៉េអឹមនៅទ្វីបអាហ្រ្វិកនិយាយភាសាបារាំងត្រូវបានបញ្ចូលទៅក្នុងចំណោមក្រុមហ៊ុនសហគ្រាសកំពូលទាំង១០ ពោលគឺនាំមុខក្រុមហ៊ុន Sanofi ដែលស្ថិតនៅលំដាប់ថ្នាក់ទី១២។ ចំណែកឯក្រុមហ៊ុនខនហ្វីរេលឯណោះវិញក៏ទទួលបានលទ្ធផលគួរជាទីគាប់ចិត្តដែរ ពោលគឺទទួលបានអត្រាកំណើន៣៦%នៅលើទីផ្សារក្នុងស្រុក និង២០០% នៅលើទីផ្សារនាំចេញ។
លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល មានប្រសាសន៍គូសបញ្ជាក់ថា សហគ្រាសផលិតឱសថប៉េប៉េអឹមបានសម្រេចផែនការរបស់ខ្លួនហើយ និងបានបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួនតាមរយៈទីផ្សារនាំចេញ។ ផ្ទុយទៅវិញ ក្រុមហ៊ុនខនហ្វីរេលទើបតែដើរដល់ពាក់កណ្តាលផ្លូវទេ បើទោះបីជាចក្ខុវិស័យ និងទស្សទានបង្ហាញថា ក្រុមហ៊ុនកំពុងតែដើរលើផ្លូវត្រូវក្តី។
លោកឧកញ៉ាឱសថបណ្ឌិតអះអាងយ៉ាងដូច្នេះ៖ «ទស្សនទាន ផលិតផល និងអត្តសញ្ញាណរបស់ក្រុមហ៊ុនខហ្វីរេលត្រូវបានគេទទួលស្គាល់ថ្នាក់អន្តរជាតិ»។ លោកក៏បានបន្ថែមទៀតថា យើងត្រូវបន្តដើរតាមបន្ទាត់នយោបាយនេះដែលផ្តោតសំខាន់ទៅលើការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសេដ្ឋកិច្ចវិលជុំ។ បើតាមប្រសាសន៍របស់លោក ប្រទេសជប៉ុន និងកូរ៉េខាងត្បូងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេល និងទទួលស្គាល់ពីតម្លៃរបស់ផលិតផលទាំងនោះ។ ម្យ៉ាងវិញទៀត ប្រទេសជប៉ុនបានតាមដានក្រុមហ៊ុនខនហ្វីរេលតាំងពីប្រាំឆ្នាំមកហើយ។
ប៉ុន្តែ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ក៏បានទទួលស្គាល់ផងដែរថា បន្ទាប់ពីការសិក្សាវិនិច្ឆ័យយ៉ាងហ្មត់ចត់រួចមក ក្រុមហ៊ុនខនហ្វីរេលនៅខ្វះខាតធនធានមនុស្ស ជាពិសេសសម្រាប់ការផ្ទេរចំណេះជំនាញរបស់ខ្លួន និងធានាឱ្យបាននូវការសម្របសម្រួលនៃខ្សែសង្វាក់ផលិតកម្ម។ បើទោះជាមានបញ្ហាប្រឈមបែបនេះក្តី ក៏លោកឧកញ៉ាឱសថបណ្ឌិតនៅតែមានសុទិដ្ឋិនិយម និងមានមហិច្ឆតាដ៏ធំមួយ នោះគឺសម្រេចចក្ខុវិស័យរបស់លោកចំពោះក្រុមហ៊ុនខនហ្វីរេល តាមរយៈការផ្ទេរចំណេះជំនាញរបស់ខ្លួនទៅឱ្យអ្នកស្នងតំណែងរបស់លោកក្នុងរយៈពេលប្រាំឆ្នាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារអន្តរជាតិ។ លោកគូសបញ្ជាក់ថា៖ «គ្រាន់តែទីផ្សារជប៉ុន និងកូរ៉េខាងត្បូងគឺមានទំហំធំជាងទីផ្សារស្រុកខ្មែរដល់ទៅ១៥០ដងឯណោះ»៕